ប្រសាទបាពួន
ប្រាសាទបាពួនគឺជាប្រាសាទភ្នំ តំណាងឱ្យភ្នំសុមេរុដែលជាទីស្ថានរបស់អាទិទេពគង់នៅ។ នៅចំពីមុខតួប៉មរបស់ប្រាសាទបែរមុខទៅទិសខាងកើតតំណាងឱ្យសិរីសួស្តី មានស្ពានមួយប្រវែង២០០ម៉ែត្រទទឹងប្រវែង២.៥ម៉ែត្រ ទ្រដោយសសរចំនួន ៥៤៧ដើម រៀបគ្នាជាជួរយ៉ាងស្មើ ស្ពាននេះត្រូវបានប្រើប្រាស់សម្រាប់ដើរចេញចូលគឺតំណាងឱ្យផ្លូវភ្ជាប់ពីឋានមនុស្សទីឋានសួគ៌។ នៅខាងឆ្វេងនៃស្ពានមានស្រះទឹកមួយទំហំ ៣៧ម៉ែត្រ គុណ២៨ម៉ែត្រ លម្អដោយកាំជណ្តើរធ្វើអំពីថ្មភក់។ ស្រះនេះត្រូវបានគេយល់ថា គេប្រើសម្រាប់ពិធីលាងបាបនៅសម័យនោះ។ កំពែងរបស់ប្រាសាទមានទំហំ ៤២៥ម៉ែត្រ គុណនឹង ១២៤ម៉ែត្រ ប៉ុន្តែរាងរបស់កំពែងត្រូវបានបាក់បែកខូចខាតទាំងស្រុង រីឯតួប្រាសាទមានបណ្តោយប្រវែង ១២០ម៉ែត្រ និងទទឹងប្រវែង១០០ម៉ែត្រ មានកម្ពស់ប្រហែល៥០ម៉ែត្រ។ សំណង់ប្រាសាទកសាងដោយថ្មភក់ស្រោបពីខាងក្រៅ រីឯពំនូតដីនិងថ្មបាយក្រៀមត្រូវបានធ្វើជាខឿនស្ថិតនៅផ្នែកខាងក្នុង។ តួរបស់ប្រាសាទមានបីថ្នាក់ ថ្នាក់នីមួយៗព័ន្ធជុំវិញដោយសាងពីថ្មភក់លម្អ ដោយបង្អួចចំហជាច្រើននិងខ្លោងទ្វារមួយផងដែរ ប៉ុន្តែសាលទាំងនោះត្រូវបានបែកបាក់ជាច្រើន។ ប្រាសាទភ្នំនេះមានរាង ដូច សាជី មានប្រាំថ្នាក់សំណង់ធ្វើ ពីថ្មភក់ ថ្មបាយក្រៀម និងឈើមាន គោបុរះ នៅទាំងបួនទិស ព្រមទាំងមានរូបចម្លាក់ក្បាច់រចនា ល្អឆើតទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្មែរ និងមានក្បាច់ចម្លាក់ផ្សេងៗ ទៀតទាក់ទងទៅនឹង ល្បែងកីឡា និងរូបព្រះពុទ្ធចូលព្រះនិព្វាន ដែលគេទើបកសាងនាសម័យលង្វែក ។ តួប្រាសាទមានរាងខ្ពស់ត្រដែតមានជណ្តើរប្រាំថ្នាក់ទៅលើ។ ជណ្លើរនេះសង់អំពីថ្មភក់ប្លែកពីជណ្លើរទាំងឡាយ។